កម្ពុជានឹងនាំ​ចូល​អំបិល​ជាង​៣ម៉ឺន​តោនបន្ថែម

0
1725

ភ្នំពេញៈ ទីបំផុត​កម្ពុជា​សម្រេច​នាំ​ចូល​អំបិល​ ៣ ​ម៉ឺន​តោន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ក្នុង​ប្រទេស ខណៈ​បរិមាណ​ដែល​មាន​នៅសល់​ក្នុង​ឃ្លាំង​ស្តុក​អាច​ធានា​បាន​យ៉ាង​យូរ​ត្រឹម​ខែ​វិចិ្ឆកា​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត-កែប​។

លក្ខណៈ​អាកាសធាតុ​មិន​អំណោយផល​កាលពី​រដូវប្រាំង​ឆ្នាំ​នេះ​បាន​ធ្វើឲ្យ​ការផលិត​អំបិល​របស់​កម្ពុជា​រង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​។

លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត-កែប បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ម្សិលមិញ​ថា បន្ទាប់ពី​កិច្ចប្រជុំ​រវាង​សមាជិក​ក្រុមប្រឹក្សាភិបាល ​កាលពី​សប្តាហ៍​មុន ថ្នាក់ដឹកនាំ​សហគមន៍​បាន​សម្រេច​បញ្ជា​ទិញ​អំបិល​ពី​ប្រទេស​ថៃ និង​ចិន​ជាង​ ៣ ​ម៉ឺន​តោន​សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​ក្នុង​ប្រទេស​ដែល​មាន​ប្រហែល​ ១០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​។

លោក​បញ្ជាក់​ថា​៖ «​ពេល​នេះ​ក្រុម​ការងារ​របស់​សហគមន៍​កំពុង​សិក្សា​ពី​តម្លៃ​អំបិល​នៅ​បរទេស ខណៈ​អំបិល​ដែល​ទិញ​ពី​បរទេស​នោះ​អាច​នឹង​មក​ដល់​កម្ពុជា​អំឡុង​ខែ​តុលា​ខាង​មុខ​»​។

យោង​តាម​លោក បារាំង តម្រូវការ​ប្រើប្រាស់​អំបិល​ច្រើន​បំផុត​នៅ​កម្ពុជា​គឺ​ក្នុង​អំឡុងពេល​រដូវ​ប្រមូលផល​នេសាទ (​ធ្វើ​ប្រហុក និង​ផ្អក​ជាដើម​)​។ ​បច្ចុប្បន្ន​អំបិល​ក្នុង​ ១ ​ការុង (៥០ ​គីឡូក្រាម​) សហគមន៍​លក់​ចេញ​ទៅ​​ទីផ្សារ​ក្នុង​តម្លៃ​ ១៧ ៦០០ ​រៀល​។

នេះ​ជា​លើក​ទី ២ ហើយ​ដែល​កម្ពុជា​ប្រឈម​នឹង​កង្វះ​អំបិល​ប្រើប្រាស់ ខណៈ​បញ្ហា​នេះ​ធ្លាប់​កើត​ម្តង​កាលពី​ឆ្នាំ​ ២០០៨​។

លោក អ៊ុំ សុថា អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹងថា បរិមាណ​អំបិល​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក​នៅ​ឆ្នាំ​នេះ​ពិតជា​មាន​ការ​ខ្វះខាត​ច្រើន​ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល​ដែល​ធ្វើឲ្យ​ការផលិត​មិន​ទទួល​បាន​ផល​។

លោក​បន្ត​ថា អំបិល​ដែល​យើង​នៅ​មាន​សម្រាប់​ប្រើ​ពេល​នេះ​គឺជា​អំបិល​ដែល​សល់​ពី​ការផលិត​នាពេល​កន្លង​មក​តែ​ប៉ុណ្ណោះ​។ លោក​ថ្លែង​ថា​៖ «​ការបញ្ជា​ទិញ​អំបិល​របស់​សហគមន៍​ពី​ប្រទេស​ក្រៅ ក្រសួង​មិន​ហាមឃាត់​ទេ តែ​ក្រសួង​មាន​លក្ខខណ្ឌ​ចម្បង​ក្នុង​ការ​នាំចូល​អំបិល​ពី​ក្រៅ​ប្រទេស​ (​ក្នុង​ករណី​ខ្វះខាត​) ​គឺ​ត្រូវ​តែ​ជា​អំបិល​មាន​សារជាតិ​អ៊ីយ៉ូត​»​។

ផ្ទៃដី​កសិដ្ឋាន​អំបិល​ទូទាំង​ខេត្ត​កំពត និង​ខេត្ត​កែប​មាន​ជាង ៤ ៦០០ ហិកតា ដែល​មាន​កសិករ​ជា​សមាជិក​ប្រហែល ២០០ គ្រួសារ​។ នេះ​បើ​យោង​តាម​លោក ប៊ុន បារាំង​។ លោក​ថ្លែង​ថា​៖ «​កសិករ​មិន​អាច​ប្រមូល​អំបិល​បាន​ទេ​នៅ​ឆ្នាំ​នេះ​ដោយសារ​ទឹកភ្លៀង​ច្រើន​ចាប់​តាំងពី​រដូវប្រាំង​រហូត​មក​ដល់​ពេល​នេះ​»​។

រដូវ​ប្រមូលផល​អំបិល​ចាប់ពី​ខែ​មករា​ដល់​ចុង​ខែ​មេសា​។

ទិន្នន័យ​របស់​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត-កែប បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៧ សហគមន៍​ផលិត​អំបិល​បាន​ចំនួន​ ៣,៣ ​ម៉ឺន​តោន និង​ឆ្នាំ​ ២០១៦ បាន​ជាង​ ១០ ​ម៉ឺន​តោន​។ រហូត​មក​ដល់​ពេល​នេះ​អំបិល​ក្នុង​ឃ្លាំង​ស្តុក​សល់​ប្រមាណ​ ២ ​ម៉ឺន​តោន​ប៉ុណ្ណោះ​។

ឧស្សាហកម្ម​អំបិល​របស់​កម្ពុជា​រកប្រាក់​ចំណូល​សរុប​ប្រហែល​ ២២ លាន​ដុល្លារ​ កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​បាន​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​៕