កម្ពុជាត្រៀមបង្ហាញក្រមាវែងជាងគេលើពិភពលោក ក្រោយបញ្ចប់ការត្បាញជិត៥ខែ

0
1730


ភ្នំពេញ៖ ក្រោយបើកយុទ្ធនាការបំបែកឯកទគ្គកម្មក្រមាវែងជាងគេលើពិភពលោក តាមការគ្រោងទុកនៅថ្ងៃទី១ ខែកក្កដាខាងមុខនេះ កម្ពុជានឹងរៀបចំកម្មវិធីដង្ហែរក្បួនក្រមា ការប្រកាសលទ្ធផល និងការប្រគំតន្ត្រីអបអរសាទរក្រមាចំពោះក្រមាប្រវែង១.០០០ម៉ែត្រ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

ទាក់ទិននឹងក្រមានេះ សមាជិក្រុមការងារ ហ្គូហ្គូ ខេមបូឌា (GoGo Cambodia) បានប្រាប់ឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ការចូលរួមត្បាញក្រមាពីសាធារណៈជនគ្រប់ស្រទាប់វណ្ណៈ បានប្រវែងជាង១.០០០ម៉ែត្រហើយ ដោយនៅតែបន្តត្បាញរហូតអស់សរសៃតម្បាញដែ លនៅសល់ប៉ុណ្ណោះដើម្បីត្រៀមកំណត់វាស់ និងដាក់ចូលកំណត់ត្រាពិភពលោកប៉ុណ្ណោះ។

ខណៈដែលចូលរួមទស្សនានិងត្បាញក្រមា យុវជន យុវនារីជាច្រើនរូបមកពីវិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ បានលើកឡើងស្រដៀងគ្នានេះ ពិតជាមានអារម្មណ៍រំភើប និងរីករាយយ៉ាងខ្លាំងចំពោះកម្មវិធីក្រមានេះ ព្រោះថា ខ្មែរអាចធ្វើបាន និងបានអំពាវនាវបន្ថែមទៅដល់ពលរដ្ឋដទៃផ្សេងទៀត សូមចូលរួម​ឲ្យបាន​ច្រើនកុះករ​ក្នុង​ការ​ធ្វើ​ជាសាក្សី នៃពិធីខាងមុខផងដែរ ក្នុងគោលបំណងលើកតម្កើងមោទនភាពជាតិ ពិសេស​បង្ហាញ​អំពីសក្តា​នុពល​​របស់​ប្រទេសនៅគ្រប់វិស័យ ដែលបង្ហាញនូវមោទនភាពក្នុងនាមជាកូនខ្មែរ ទៅដល់ឆាកអន្តរជាតិ។

សូមរម្លឹកថា កម្មវិធីបំបែកឯតទគ្គកម្មក្រមាវែងជាងគេនៅលើពិភពលោក (ក្រមា១.០០០ម៉ែត្រ) បាន​ចាប់​ផ្តើម​កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបើកឲ្យចូលរួមដោយសេរីរៀងរាល់ថ្ងៃ ចាប់ពីម៉ោង០៨ព្រឹក ដល់​ម៉ោង០៩​យប់ ទីតាំងវាលព្រះមេរុ រាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយក្រសួងព្រះបរមរាជវាំង និង​សាលារា​ជធានីភ្នំពេញ នាំមកជូនដោយ ហ្គូហ្គូ ខេមបូឌា (GoGo Cambodia)៕